ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម មីកាមិ ម៉ាសាហីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីដាំកូនឈើ ចំនួន ៨ ០០០ ដើម នៅក្នុងបរិវេណផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលស្ថិនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីបង្កើនសោភណភាព និងបរិស្ថានបៃតង។
ឯកឧត្ដម ឃួង ស្រេង បានសម្តែងការអបអរសាទរចំពោះវឌ្ឍនភាព នៃការសាងសង់ផ្សារទំនើបអ៊ីអនម៉លគំរូទី៣របស់ ក្រុមហ៊ុនអ៊ីអនម៉លខូអិលធីឌី ដែលបានដំណើរការជាប្រក្រតី និងសម្រេចបានតាមផែនការដែលបានគ្រោងទុក ទោះបីក្រោយពីបើកការដ្ឋានសាងសង់រួច ជាពិសេស នៅឆ្នាំ២០២១កន្លងមកជួបនូវវិបត្ដិកូវីដ១៩ក្ដី ក៏ក្រុមហ៊ុននៅតែបន្ដការងារដោយរលូនផងដែរ ។ ឯកឧត្ដមបានថ្លែងថា នេះសបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ថាទោះបី ដៃម្ខាងរាជរដ្ឋាភិបាលនិងអាជ្ញាធរមូលដ្ឋានត្រូវប្រយុទ្ធនឹងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ក្នុងសហគមន៍ ប៉ុន្តែដៃម្ខាង ទៀតយើងបានបន្តសហការគ្នាលើគ្រប់វិស័យរួមទាំងការវិនិយោគផ្សេងៗ ។
ឯកឧត្ដមអភិបាលរាជធានីភ្នំពេញបានថ្លែងបញ្ជាក់ថា សម្រាប់ក្របខណ្ឌអភិវឌ្ឍន៍រាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញបានតម្រង់ទិសការអភិវឌ្ឍ ទាំងផ្នែករដ្ឋនិងផ្នែកឯកជនដោយមិនគ្រាន់តែផ្ដោតលើការអភិវឌ្ឍ ផ្នែករឹងដូចជាផ្លូវថ្នល់ ស្ពានអាកាស សំណង់ បុរី អាគារពាណិជ្ជកម្ម ខុនដូ ផ្សារទំនើបនិងសំណង់អគារគ្រប់ប្រភេទប៉ុណ្ណោះទេ ប៉ុន្តែយើងក៏បានគិតគូរផងដែរពីសមត្ថភាពស្ថាប័ន ដោយបានយកចិត្តទុកដាក់ចំពោះការវិវត្តនៃស្ថានភាពជីវភាពរបៀបរបបនៃការរស់នៅ និងតម្រូវការសេវាសាធារណៈដែលត្រូវផ្ដល់ជូនប្រជាពលរដ្ឋ។ ឯកឧត្ដមលើកឡើងថា អាកាសធាតុនិងបញ្ហាប្រឈមផ្នែកអនាម័យបរិស្ថាន ក្នុងទីក្រុងមានលក្ខណៈជាអន្តរវិស័យនិងជាបញ្ហាសាកល ដែលទាមទារឱ្យមានការសម្របសម្រួលនិងចូលរួមគ្នាដោះស្រាយរវាងវិស័យសាធារណៈវិស័យឯកជនប្រជាពលរដ្ឋយុវជននិងគ្រប់តួអង្គក្នុងសង្គមជាតិយើងទាំង មូល។
ឯកឧត្ដមអភិបាលបានចាត់ទុកការដាំដើមឈើ ការដាំផ្កានៅពេលនេះមិនត្រឹមតែបង្ហាញឱ្យឃើញពីការផ្ដល់តម្លៃរបស់យើងចំពោះបញ្ហាបរិស្ថានក្នុងទីក្រុង និងការផ្សារភ្ជាប់គម្រោងវិនិយោគឯកជនទៅនឹងធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតីយកចិត្តទុកដាក់និងការចូលរួមចំណែកយ៉ាងខ្លាំងៗរវាងវិស័យសាធារណៈ និងវិស័យឯកជននិងកម្លាំងមហាជនអាកាសធាតុបង្កើតគម្រប់បៃតងក្នុងទីក្រុង និងកែលម្អសោភ័ណភាពរាជធានីភ្នំពេញឱ្យកាន់តែស្រស់បំព្រងនិងស៊ីវិល័យបន្ថែមទៀត។
ឯកឧត្ដម ឃួង ស្រេង បានបន្ថែមថា គម្រោងអភិវឌ្ឍន៍ផ្សារទំនើបរបស់ក្រុមហ៊ុន aeon mall បានយកចិត្តទុកដាក់ខ្ពស់លើការងារបរិស្ថាន ដោយគិតមកដល់ពេលនេះ ដោយបានដាំដើមឈើបានចំនួន២២ ០០០ ដើម ហើយថ្ងៃនេះ កំពុងចូលរួមដាំដើមឈើចំនួន៨ពាន់ដើមថែមទៀត។ ឯកឧត្ដមបានឱ្យដឹងទៀតថា សម្រាប់ដើមឈើដែលបានដាំកន្លងមក និងដាំរួមគ្នានៅថ្ងៃនេះនឹងក្លាយជានិមិត្តរូបនៃសាមគ្គីភាព ផ្សារភ្ជាប់យ៉ាងស្អិតរវាងវិស័យសាធារណៈវិស័យឯកជននិងកម្លាំងមហាជនក្នុងការលើកកម្ពស់អនាម័យបរិស្ថានក្នុងទីក្រុងអាកាន់តែល្អប្រសើរឡើងហើយក៏ជាចំណងសាមគ្គីភា ពនិងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនៃទំនាក់ទំនងការទូតកម្ពុជា ជប៉ុនឱ្យកាន់ តែមានភាពរឹងមាំថតថេរជានិរន្តរ៍។
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាឯកឧត្ដម មីកាមិ ម៉ាសាហីរ៉ូ បានមានប្រសាសន៍ថា ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ នឹងក្លាយជាផ្សារធំជាងគេនៅអាស៊ី ក្រោយពេលសាងសង់រួចបើកឱ្យដំណើរការ ហើយតាមរយៈផ្សារទំនើបនេះ នឹងធ្វើឱ្យជីវភាពប្រជាពលរដ្ឋប្រសើរឡើង ពិសេសធ្វើឱ្យផ្លាស់ប្តូរសេដ្ឋកិច្ចជាតិនៃប្រទេសទាំងពីរ កម្ពុជា-ជប៉ុន កាន់តែប្រសើរឡើង៕


