ឯកឧត្តម ខៀវ កាញារីទ្ធ គាំទ្រការរៀបចំពិព័រណ៍សៀវភៅកម្ពុជា និងឧបត្តម្ភថវិកាចំនួន ២០០០ដុល្លារ ដល់គណ:កម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ ដើម្បីជាការចូលរួមចំណែកលើកកម្ពស់ការអានសៀវភៅនៅកម្ពុជា។ ការសំដែងការគាំទ្ររបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាននេះ បានធ្វើឡើងនៅក្នុងឱកាសទទួលជួប លោក ហុក សុទ្ធិ នាយកអង្គការ ស៊ីប៉ា កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសំដែងនូវការគាំទ្រចំពោះដំណើរការរៀបចំ ពិព័រណ៍សៀវភៅ កម្ពុជាលើកទី៩ ជាថ្មីឡើងវិញ បន្ទាប់ពីខកខាន ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ រយៈពេល២ឆ្នាំមកនេះ ។ តាមការគម្រោងរៀបចំពិព័រណ៍សៀវភៅ កម្ពុជាលើកទី៩ នេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បានចូលរួមជាថវិកា ដល់ដំណើររៀបចំកម្មវិធីចំនួន ២ពាន់ដុល្លារ ហើយក៏បាននាំយកនូវសៀវភៅរបស់ក្រសួងព័ត៌មាន មួយចំនួនដាក់តាំងក្នុងពិព័រណ៍ នោះផងដែរ ។
លោក ហុក សុទ្ធិ នាយកអង្គការ ស៊ីប៉ា ( Sipar ) បានរាយការណ៍ជូន ឯកឧត្តមរដ្ឋមន្ត្រី អំពីការរៀបចំពិព័រណ៍សៀវភៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នៅបណ្ណាល័យជាតិ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រមទាំងសុំអនុសាសន៍ និងកិច្ចសហការពី ក្រសួងព័ត៌មាន ។ លោកបានឱ្យដឹងថា ពិព័រណ៍សៀវភៅកម្ពុជា ជាសកម្មភាពសង្គមវប្បធម៌ ដែលត្រូវបាន រៀបចំប្រចាំឆ្នាំនៅបណ្ណាល័យជាតិ ដោយគណ:កម្មការពិព័រណ៍សៀវភៅកម្ពុជា សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន ក្រសួងអប់រំ យុវជន និងកីឡា សមាគមបណ្ណាល័យកម្ពុជា សមាគមអ្នកបោះពុម្ពផ្សាយសៀវភៅនៅកម្ពុជា អង្គការ និងស្ថាប័នដៃគូជាច្រើនទៀត។ លោកហុក សុទ្ធិ បានឱ្យដឹងបន្ដថា ពិព័រណ៍សៀវភៅនេះ មានចំនួន១៤០ស្តង់ ហើយសង្ឃឹមថានឹងមានអ្នកចូលរួមយ៉ាងច្រើនកុះករក្នុងព្រឹត្តិការណ៍ដ៏សំខាន់ប្រចាំឆ្នាំនេះ៕


