បាត់ដំបង ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣--
នៅថ្ងៃអាទិត្យ ៩កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល ជាមួយមន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន និងអតីតយុទ្ធជន ក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង ចំនួន២ ៦២៣ រូប នៅឯបរិវេណ អនុវិទ្យាល័យមោងឫស្សី ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះរដ្ឋបាលស្រុកមោងឫស្សី មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធចំណុះរដ្ឋបាលស្រុកទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចសម្រេចបានសមទ្ធផលថ្មីៗជាបន្តបន្ទាប់ រួមចំណែកធ្វើឱ្យសម្រេចបានជោគជ័យនូវគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះទៀត ។
សម្តេចឧបនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍អំពីគុណបំណាច់ នៃការរួមចំណែកដ៏ធំធេងរបស់និវត្តន៍ជន និងយោធិនទាំងអស់ ក្នុងស្រុកមោងឫស្សី ដែលបានតស៊ូធ្វើពលិកម្មយ៉ាងលំបាកលំបិន ដើម្បីបុព្វហេតុសន្តិភាព ការបង្រួបង្រួម និងអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ។
សម្ដេចបានមានប្រសាសន៍ថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការជំនាន់ក្រោយបានចងចាំ និងកត់ត្រាទុកជាប្រវត្តិសាស្រ្ត នូវការចូលរួមចំណែករបស់អតីតថ្នាក់ដឹកនាំ អតីតមន្រ្តីរាជការ និងអតីតកងកម្លាំងប្រដាប់អាវុធទាំងអស់ ព្រមទាំងប្ដេជ្ញាបន្តពូនជ្រំការអភិវឌ្ឍជាតិ ឱ្យកាន់តែរីកចម្រើនសម្រាប់អ្នកជំនាន់ក្រោយៗទៀត។ នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដល់ទស្សនទាន ជូនអង្គពិធីក្នុងស្រុកមោងឫស្សី អំពីសភាពការណ៍សកលលោក ដែលកំពុងមានការប្រឈមនឹងបញ្ហាស្មុគស្មាញ ដូចជា ជំងឺឆ្លងកូវីដ-១៩ ដែលនៅតែមិនទាន់បញ្ចប់, ការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ, វិបត្តិសង្គ្រាមរុស៊្សី និងអ៊ុយក្រែន, ការប្រែប្រួលអាកាសធាតុកាន់តែអាក្រក់, និងបទល្មើសជាអន្តរជាតិផ្សេងៗទៀត។
សម្រាប់កម្ពុជាសម្ដេចក្រឡាហោម ក៏បានបន្ថែមថា ទន្ទឹមនឹងការប្រឈមបញ្ហាសកលនេះ ក្រុមប្រឆាំងជ្រុលនិយម ក៏នៅតែមិនបោះបង់ផែនការបំផ្លាញសុខសន្តិភាព និងស្ថិរភាពសង្គមនោះដែរ។ភ្ជាប់នឹងការប្រឈមដូចបានបញ្ជាក់មកនេះ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ទាញចំណាប់អង្គពិធីថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តដឹកនាំប្រកបដោយភាពត្រឹមត្រូវ និងត្រូវបានចូលរួមគាំទ្រយ៉ាងសកម្មពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់ថ្នាក់ រួមទាំងខេត្តបាត់ដំបង ធ្វើ ឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ ធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
នៅចុងបញ្ចប់នៃពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្រ្តីកិច្ចសន្យា កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន និងយោធិន ក្នុងស្រុកមោងឫស្សីនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង ក៏បានអញ្ជើញផ្ដល់កិត្តិយសបំពាក់មេដាយ ជូនអតីតមន្រ្តីរាជការ អតីតកងកម្លាំងប្រដាប់អាវុធ ដែលមានស្នាដៃឆ្នើម ក្នុងការចូលរួមចំណែកបម្រើបុព្វហេតុជាតិ និងប្រជាជន និងមន្រ្តីមានស្នាដៃខិតខំបំពេញភារកិច្ចបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ព្រមទាំងប្រគល់ជូនថវិកាដល់អង្គពិធីទាំងមូលផងដែរ ៕
(ប្រភព:រដ្ឋបាលខេត្តបាត់ដំបង)



