ភ្នំពេញ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣
ក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធចោល និងបិទផ្លូវតវ៉ាលើបណ្តឹងរបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ បន្ទាប់ពីគណបក្សទាំងពីរត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បដិសេធមិនឱ្យចូលរួមឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដោយសារមិនបានភ្ជាប់នូវសេចក្តីប្រកាសស្តីពីការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញបានឱ្យដឹងថានៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២៣ នៅអគារ ស វិមានរដ្ឋចំការមន ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ច ប្រជុំពេញអង្គក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ និងសម្រេចលើ៖ ១.បណ្ដឹងរបស់គណបក្សភ្លើងទៀនប្តឹងតវ៉ានឹងសេចក្ដីសម្រេចលេខ ២៣៣ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងទាមទារ ឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទទួលចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះ បោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន ដែលមាន២៥(ម្ភៃប្រាំ)មណ្ឌលរាជធានី ខេត្ត។
២.បណ្ដឹងរបស់គណបក្សមហាសាមគ្គីជាតិខ្មែរប្ដឹងសុំឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យសម្រេចពីលទ្ធភាពស្តីពីការចុះបញ្ជីឈរឈ្មោះបោះឆ្នោត និងចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សមហាសាមគ្គីជាតិខ្មែរ។
ក្រុមប្រឹក្សាធម្មនុញ្ញបានលើកឡើងថាជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចដូចខាងក្រោម៖ ១-ទទួលពាក្យបណ្តឹងចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ របស់ឈ្មោះ ទាវ វណ្ណល ឈ្មោះ ហុង សុខហួរ និងឈ្មោះ គីមសួរ ភីរិទ្ធ តំណាងគណបក្សភ្លើងទៀន ទុកជាត្រឹមត្រូវតាមទម្រង់ច្បាប់ ប៉ុន្តែបដិសេធចោលដោយខុសនឹងគតិច្បាប់។ ២-ទទួលពាក្យបណ្តឹងចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ របស់ឈ្មោះ ហ៊ាង គឹមស្រឿន ប្រធានស្តីទីគណបក្សមហាសាមគ្គីជាតិខ្មែរ ទុកជាត្រឹមត្រូវតាមទម្រង់ច្បាប់ ប៉ុន្តែបដិសេធ ចោលដោយខុសនឹងគតិច្បាប់៕



