សៀមរាប ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣--
ឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងជារដ្ឋលេខាធិការក្រសួងផែនការ នៅថ្ងៃសៅរ៍ ៨កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តពិនិត្យសុខភាព និងព្យាបាលជំងឺ ព្រមទាំងចែកថ្នាំពេទ្យជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកបន្ទាយស្រី ខេត្ដសៀមរាប ។
នេះជាអំណោយដ៏ថ្លៃថ្លារបស់ឯកឩត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលសកម្មភាពមនុស្សធម៌នេះ បានពិនិត្យសុខភាពចែកជូនថ្នាំពេទ្យ ដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃទាំង ៥០០នាក់ ។
លោក ប៉ែន ផល្គុន អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ខេត្តសៀមរាប និងជាប្រធានមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប មានប្រសាសន៍ថា ក្រុមការងារបានធ្វើការពិគ្រោះជំងឺ រួមមាន៖ ជំងឺទូទៅ, អប់រំសុខភាព, ជំងឺផ្លូវចិត្ត, ជំងឺទូទៅផ្នែកកុមារ, រោគស្ត្រី, ឫសដូងបាត, ជំងឺសួត, ក្រពះ, ពោះវៀន, ជំងឺផ្លូវដង្ហើម, ជំងឺប្រដាប់រំលាយអាហារ, ជំងឺសើរស្បែក, ព្រូន, ស្លេកស្លាំង, សន្លាក់ឆ្អឹង, រលាកថ្លើម, កាមរោគ, ជំងឺគ្រុនចាញ់, គ្រុនឈាម, ជំងឺភ្នែក, សុខភាពមាត់ធ្មេញ, ជំងឺទឹកនោមផ្អែម, ជំងឺបេះដូង, លើសឈាម, ជំងឺត្រចៀក, ច្រមុះ, បំពង់ក, ជំងឺតម្រងនោម, អេកូសាស្ត្រ, ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយ:ខ្យល់ដង្ហើម, វាស់ចង្វាក់បេះដូង, មន្ទីរពិសោធន៍(វិភាគឈាម), វះកាត់តូច,និងព្យាបាលរបួស…។
លោកបញ្ជាក់ថា ការពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នេះគឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់ បងប្អូនប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែកផងដែរ ។
លោក ពិន ប្រាកដ អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ថា សកម្មភាពមនុស្សធម៌នេះអាចប្រព្រឹត្តទៅបាន ក៏ដោយសារប្រទេសជាតិមានស្ថិរភាព និងសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ មានតែសម្តេចតេជោទេ ដែលមានទេពកោសល្យពីកំណើត នៅក្នុងពិភពលោកកម្ររកបាន មានប្រាជ្ញាឈ្លាសវៃប្រកបដោយគតិបណ្ឌិត ក្នុងការដឹកនាំប្រទេសជាតិឱ្យមានការរីកចម្រើនឥតឈប់ឈរ មានការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ មានស្ថិរភាព និងសន្តិភាពពិតប្រាកដ ។ យើងទាំងអស់គ្នាត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឱ្យបានគង់វង្ស ព្រោះថា តាមរយៈគោលនយោបាយនេះហើយដែលធ្វើឱ្យប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ ។
ឯកឧត្តម លេង ផាលី មានប្រសាសន៍ថា បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គលជូនគ្រួសារ និងសង្គជាតិ។ សូមបញ្ជាក់ថាក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានចំនួន ៤ ៦០១នាក់។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តនេះបានចុះបេសកកម្មតាមការឧទ្ទេសនាម របស់គណៈកម្មការចំពោះកិច្ច ចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិត ថ្លៃ និងស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម តាំងពីចាប់ផ្តើមចាក់វ៉ាក់សាំងដំបូងពីខែមីនា ឆ្នាំ២០២១ មកដល់បច្ចុប្បន្ន ជូនប្រជាពលរដ្ឋតាមមូលដ្ឋាននានា ក្នុង ២៥ រាជធានី-ខេត្ត ដោយចាក់វ៉ាក់សាំងបានចំនួន ១០ ៥៤៣ ២៣៩ដូស (ដប់លាន ហាសិបបួនម៉ឺន បីពាន់ពីររយសាមសិបប្រាំបួនដូស)៕





