ទិវាជាតិនៃការចងចាំ ២០ ឧសភា
នៅថ្ងៃទី២០ ខែឧសភា គឺជាទិវាជាតិនៃការចងចាំ។ ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៥ គឺជាថ្ងៃនៃការ ចាប់ផ្តើមអនុវត្តនយោបាយប្រល័យពូជសាសន៍របស់ពួក ប៉ុល ពត ដែលធ្វើឱ្យប្រជាជនខ្មែរប្រមាណជាងបីលាននាក់ត្រូវបាត់បង់ជីវិត និងរាប់លាននាក់ផ្សេងទៀតត្រូវបែកបាក់គ្រួសារ ក្លាយជាស្រ្តីមេម៉ាយ ក្មេង កំព្រា និងក្លាយជាជនពិការ ហើយហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិទាំងមូលត្រូវបំផ្លាញខ្ទេចខ្ទីរដល់ឫសគល់។
ក្នុងឱកាសទិវាជាតិនៃការចងចាំថ្ងៃ២០ ឧសភានេះ ខ្ញុំសូមរំលឹកគុណចំពោះដួងវិញ្ញាណក្ខន្ធបុព្វការីជន អ្នកស្នេហាជាតិ ដែលបានបូជាអាយុជីវិត ដើម្បីបុព្វហេតុរំដោះជាតិ និង សូមដួងវិញ្ញាណក្ខន្ធជនរួមជាតិខ្មែររាប់លាននាក់ ដែលបានបាត់បង់ជីវិតទៅយ៉ាងអាណោចអាធម និងអយុត្តិធម៌បំផុតនៅក្រោមរបបប្រល័យពូជសាសន៍ បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
នាពេលបច្ចុប្បន្ននេះ យើងកំពុងរស់នៅក្នុងសុខសន្តិភាព មានសុខដុមរមនានៅក្នុងសង្គម ពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញ សម្បូរសប្បាយ និងពោរពេញទៅដោយមោទនភាពក្រៃលែងចំពោះសមិទ្ធផលទាំងឡាយ ដែលយើងសម្រេចបានក្រោយថ្ងៃជ័យជម្នះ ៧មករាឆ្នាំ១៩៧៩។
សូមប្រជាពលរដ្ឋចូលរួមថែរក្សាសន្តិភាពជានិច្ចនិរន្តរ៍តទៅ ដើម្បីប្តូរមវិញនូវការអភិវឌ្ឍក្រោមម្លប់នៃសុខសន្តិភាព។ បើគ្មានសន្តិភាពទេ កុំថាឡើយការអភិវឌ្ឍ សូម្បីតែការរស់នៅប្រចាំថ្ងៃរបស់យើងក៏គ្មានក្តីសុខដែរ។
សូមបងប្អូនជនរួមទាំងអស់ទទួលបានសេចក្តីសុខ សុភមង្គលគ្រប់ក្រុមគ្រួសារនៅក្នុងឱកាសចុងសប្តាហ៍នេះ៕





