ក្រសួងព័ត៌មាន ជំរុញប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ និងឯកជន ផ្សាយឱ្យបានទូលំ​ទូលាយ ខួបគម្រប់ ១០ព្រះវស្សា នៃការយាងសោយព្រះទិវង្គត ព្រះបរមរតនកោដ្ឋ
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ក្រសួងព័ត៌មាន ជំរុញប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ និងឯកជន ផ្សាយឱ្យបានទូលំ​ទូលាយ ខួបគម្រប់ ១០ព្រះវស្សា នៃការយាងសោយព្រះទិវង្គត ព្រះបរមរតនកោដ្ឋ

 ភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២

ដោយទទួលបានការណែនាំពីគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ ក្រសួងព័ត៌​មាន​ត្រៀមលក្ខណៈក្នុងការផ្សព្វផ្សាយ និងជំរុញដល់ប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ និង​ឯកជន ក្នុងការផ្សាយឱ្យបានកាន់តែទូលំទូលាយកម្មវិធីខួបគម្រប់ «១០ព្រះវស្សា នៃការ​យាងសោយព្រះទិវង្គត ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ» ដែលនឹងប្រារព្ធ​ធ្វើនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ និងការរៀបចំព្រះរាជកម្មវិធី «១០០ព្រះវស្សា នៃព្រះ​បិតាឯករាជ្យជាតិ» នឹងប្រព្រឹត្ដទៅនៅថ្ងៃទី៣១ ខែតុលា និងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។ នេះបើយោងតាមកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តជាតិ ដែលដឹក​នាំដោយ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍​និងនិងជា អគ្គលេខាធិការគណៈកម្មការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ សម្តេចរាជបុត្រី​ព្រះ​អនុជ នរោត្តម អរុណ រស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះស្ថាបនិកមូល​និធិមុទិតា ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

ការរៀបចំកម្មវិធីខួបគម្រប់ «១០ព្រះវស្សា នៃការ​យាងសោយព្រះទិវង្គត ព្រះ​ករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ» គឺនៅឆ្នាំ២០២២នេះ ដែលទទួលបាន​ការ​សព្វ​ព្រះរាជហឫទ័យប្រោសព្រះរាជ​ទាន​នូវ​ការ​គាំទ្រ និងព្រះបរមរាជានុញ្ញាតពីព្រះ​ករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាច​ក្រ​កម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទី​គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តាមរយៈព្រះរាជ​សវនាការ កាលពីថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០២២ នៅក្នុងព្រះបរមរាជវាំង ឱ្យមូល​និធិមុទិ​តា និងសហភាពសហព័ន្ធ​យុវជន​កម្ពុជា​រៀបចំព្រះរាជកម្មវិធី «១០០ព្រះវស្សា នៃ​ព្រះបិតាឯករាជ្យជាតិ» ដើម្បីឧទ្ទិស​ថ្វាយ​ព្រះរាជ​មហា​កុសលដល់ដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះមហាវីរក្សត ព្រះបរមរតនកោដ្ឋ។

បើយោងតាមកម្មវិធីបានឱ្យដឹងថា ព្រះរាជកម្មវិធី «១០០ព្រះវស្សា នៃព្រះបិតា​ឯករាជ្យជាតិ» ជាព្រះរាជកម្មវិធីប្រវត្តិសាស្ត្រមួយដែលគ្រោងនឹងប្រារព្ធ ឡើងនៅថ្ងៃចន្ទ ៧កើត ដល់ថ្ងៃអង្គារ ៨កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ នាសាលមហោស្រពចតុម្មុខមង្គល ត្រូវជាថ្ងៃដ៏​មហា​នក្ខត្តឫក្ស​ខួបប្រសូតគម្រប់ «១០០ព្រះវស្សា នៃ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរម​រតនកោដ្ឋ» ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ​ដ៏ខ្ពង់​ខ្ពស់បំផុត ព្រមទាំង មានការយាង និងអញ្ជើញចូលរួមពីព្រះញាត្តិវង្សានុវង្ស, ឥស្សរជន​ជាន់ខ្ពស់នៃស្ថាប័នកំពូលៗរបស់ជាតិ, បណ្ដាអង្គទូត ភ្ញៀវជាតិ និងអន្តរជាតិ។

សូមជម្រាបថា ព្រះរាជកម្ម​វិធី «១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» ត្រូវបាន​រៀប​ចំឡើងដោយ មូលនិធិមុទិតា និងសហភាព សហព័ន្ធយុវជនកម្ពុជា ព្រមទាំងមានការ​ចូល​រួមស​ហការ​ពីស្ថានទូត​សាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា, ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ, បណ្ណាល័យសម្តេចម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា, ក្រសួងព្រះបរមរាជវាំង ក្រសួង​ព័ត៌មាន, រដ្ឋបាលរាជធានីភ្នំពេញ និងគណៈកម្មាធិការជាតិ​រៀបចំបុណ្យជាតិ-អន្តរជាតិ។

យោងតាមគណៈកម្មាធិការជាតិ​រៀបចំបុណ្យជាតិ-អន្តរជាតិបានឱ្យដឹងថា ការរៀប​ចំព្រះរាជកម្មវិធី «១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» ជាព្រះរាជកម្ម​វិធី​ដ៏ឧត្តុង្គឧត្តម ដែល​រៀបចំឡើងដើម្បីរម្លឹកជាពិសេសនូវស្នាព្រះហស្តព្រះរាជនិពន្ធ​ដ៏​ប្រវត្តិ​សាស្ត្រ និង​ដ៏ថ្លៃ​ថ្លាក្នុងវិស័យសិល្បៈជាតិនៃ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរម​រតន​កោដ្ឋ ដែល​ស្ទើរ​ពេញមួយព្រះជន្មរបស់ព្រះអង្គ ទន្ទឹមនឹងព្រះរាជសកម្មភាពដ៏​មមាញឹក​ក្នុងការកសាង និងស្ថាបនាមាតុប្រទេស។ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះ​បរមរតន​កោដ្ឋ បានខិតខំ​ឆ្លៀត​លើកស្ទួយ និងប្រើប្រាស់វិស័យនេះ ដើម្បីកេរ្តិ៍ឈ្មោះ និងមោទកភាពជាតិ និងប្រជា​នុរាស្ត្រខ្មែរនៅក្នុងឆាកជាតិ ក៏ដូចឆាកអន្តរជាតិ។

លើសពីនេះទៀត ព្រះរាជកម្មវិធី «១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» ក៏ជា​ឱកាស​ដ៏មហា​នក្ខត្ត​ឫក្ស​មួយទៀតដែរ ដើម្បីរម្លឹកដោយកតញូតាដ៏ជ្រាលជ្រៅនូវព្រះរាជ​គុណូបការៈជាតិដ៏​ធំ​ធេងឥតកាត់ថ្លៃបានដែល ព្រះករុណា ព្រះមហាវីរក្សត ព្រះបរមរតន​កោដ្ឋ បានបន្សល់​ទុកក្នុងបុព្វហេតុ ជាអាទិ៍៖ ការទាមទារឯករាជ្យជូនប្រជាជាតិ, ការ​កសាងស្ថាបនាជាតិ, ការការពារបូរណភាពទឹកដី​ជូន​ជាតិ​មាតុភូមិ និងប្រជានុរាស្ត្រកម្ពុជា, ការបង្រួបបង្រួមជាតិ ដើម្បីសន្តិភាព ឯករាជ្យ និងកសាងជាតិឥតឈប់ឈរ។

សម្រាប់ព្រះរាជកម្មវិធី​ «គោចរបិណ្ឌបាត្រ» នឹងប្រព្រឹត្ដទៅនៅព្រឹកថ្ងៃចន្ទ ៧កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៨៖០០នាទី នាមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ (ខាងមុខព្រះបរមរូប ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ) នឹងមានការរៀប​ចំ​យាង និងនិមន្តព្រះសង្ឃ​គោចរ​បិណ្ឌបាតសរុបមានចំនួន ១០០អង្គ។

ជាមួយគ្នានេះដែរ សម្រាប់សហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានរៀបចំកម្មវិធី «សមាធិរម្លឹកដូងព្រះវិញ្ញាណក្ខន្ធ» ដែលនឹងប្រារព្ធឡើងនៅថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នៅសួនច្បារខាងមុខ​ព្រះបរមរាជវាំង និងសួនច្បារព្រះរាជបណ្ដាំ(ជាប់របងអតីតរណសិរ្យ) ដោយមានការយាង និងអញ្ជើញចូលរួមពីសម្ដេចសង្ឃ ព្រះសង្ឃទាំងពីរគណៈ(គណៈមហានិកាយ និងគណៈ​ធម្ម​យុត្ដិកនិកាយ) តាជី យាយជី ពុទ្ធបរិស័ទ និងយុវជនសហភាព​សហព័ន្ធយុវជនកម្ពុជា​(ស.ស.យ.ក) ចូលរួមចំនួន ២ ៥៦៦ អង្គ/នាក់។

ចំពោះកម្មវិធី «សមាធិរម្លឹកដូងព្រះវិញ្ញាណក្ខន្ធ» នេះ ត្រូវបានរៀបចំឡើងដោយ​សហភាព​សហព័ន្ធយុវជនកម្ពុជា ព្រមទាំងមានការចូលរួមសហការពីក្រសួងព្រះ​បរមរាជ​វាំង, ក្រសួងព័ត៌មាន, រដ្ឋបាលរាជធានីភ្នំពេញ និងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ។

បើតាមការលើកឡើងរបស់សហភាពសហព័ន្ធយុវជនកម្ពុជាបានឱ្យដឹង ការរៀប​ចំ​កម្មវិធី «សមាធិរម្លឹកដូងព្រះវិញ្ញាណក្ខន្ធ» នេះ ក្នុងគោលបំណងដើម្បីគម្រប់ខួប «១០ព្រះ​វស្សា នៃការ​យាងសោយព្រះទិវង្គត ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ» និងបង្ហាញពីទឹកចិត្ដ និងស្មារតីនៃការចងចាំចំពោះព្រះរាជបណ្ដាំដ៏ថ្លៃថ្លា និងពោរពេញ​ដោយ​អត្ថន័យទូន្មានដែលបានឆ្លាក់លើផ្ទាំងសិលា ជាព្រះរាជឱង្ការរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលបានឆ្លាក់លើផ្ទាំងសិលានៅសួនច្បារព្រះរាជ​បណ្ដាំ។ ទន្ទឹមនេះដែរ ក៏រម្លឹកពីគំរូវីរភាព និងការសម្ដែងនូវមនោសញ្ចេតនាកតញ្ញូកត​វេទី​ប្រកបដោយការគោរពដ៏ខ្ពស់ខ្ពស់ថ្វាយព្រះមហាករុណាទិគុណដ៏ប្រសើរថ្លៃថ្លាប្រកប​ដោយ​សេចក្ដីនឹករលឹក សោកស្ដាយរកអ្វីប្រៀបផ្ទឹមពុំបានជាមួយ​នឹងសេចក្ដីអំណរព្រះគុណជា​អនេកកប្បការគ្មានថ្ងៃបំភ្លេចបាន។

សូមរម្លឹកផងដែរថា ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរ​ក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ» ព្រះអង្គប្រសូត្រនៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ព.ស.២៤៦៥ ត្រូវនឹងថ្ងៃទី​៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គ បាន​យាង​​ចូលព្រះទិវង្គត​នៅថ្ងៃ​ចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវ​នឹង​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នៅរដ្ឋធានីប៉េកាំងនៃ​សាធារណ​រដ្ឋប្រជាមានិតចិន ដោយទទួលបានព្រះបរមបច្ឆាមរណនាម «ព្រះបរមរតន​កោដ្ឋ»៕​

Previous Post Next Post